លេខាធិការដ្ឋានអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នេះ បានធ្វើការបំភ្លឺជូនប្រិយមិត្ត និងសាធារណៈជនទូទៅ តាមរយៈផេកហ្វេសប៊ុកផ្លូវការ ទាក់ទងទៅនឹងរូបភាព និងវីដេអូរៀបរាប់អំពីការបង្ខំចិត្តត្រូវចាក់ចោលផលិតផលកសិកម្មជាផ្លែស្វាយដោយសារគ្មានទីផ្សារក្នុងកាលៈទេសៈនៃជំងឺកូវីដ-១៩ រួចមក ដោយក្រុមការងារក្រសួងពាណិជ្ជកម្មបានចុះទៅធ្វើការស្រាវជ្រាវដោយចិត្តទុកដាក់ចំពោះករណីនេះ ក្នុងគោលបំណងស្វែងរកការពិត និងចាត់វិធានការជាក់លាក់ដើម្បីជួយដល់កសិកររងគ្រោះ។
ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ជាក់ស្ដែងបន្ទាប់ពីបានចុះដល់ទីតាំង និងពិនិត្យស្វាយដែលបានចាក់ចោលនេះ ព្រមទាំងសាកសួរដល់ភាគីពាក់ព័ន្ធ ក្រុមការងារបានរកឃើញថា ទីតាំងកើតហេតុស្ថិតនៅចំការស្វាយភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយស្វាយទាំងនោះ ជាស្វាយដែលខូចដោយសារទុំក្នុងកញ្ចប់ មានបរិមាណប្រហែលជាពីរតោន ដែលត្រូវតែចាក់ចោលដោយសារអ្នកទិញ មិនអាចទទួលទិញបាន ព្រោះមានបញ្ហាទាក់ទងនឹងគុណភាព។ បន្ថែមពីនេះក្រសួង បានបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋ និងសាធារណៈជនអាចសម្គាល់មើលជាក់ស្តែងក្នុងរូបភាពដែលបង្ហាញរូបស្វាយទុំជោរពណ៌លឿង ដែលពុំអាចនឹងទុកឱកាសឲ្យដឹកជញ្ជូនទៅលក់ឯណាទៀតបាន សូម្បីតែយកទៅរោងចក្រធ្វើតំណាប់ស្វាយ កុំថាឡើយនាំចេញទៅបរទេសដែលត្រូវការរយៈពេលសំរាប់ដឹកជញ្ជូន ដូច្នេះទាមទារផ្លែស្វាយដែលមានគុណភាពតាមតម្រូវការទីផ្សារ។
ក្រសួងពាណិជ្ជកម្ម ក៏បានជម្រាបជូនដែរថា បច្ចុប្បន្ននេះទោះជាស្ថិតក្នុងកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ-១៩ ក៏ដោយ តែកសិផលកម្ពុជានៅតែមានទីផ្សារទាំងសម្រាប់ការនាំចេញ និងទីផ្សារក្នុងស្រុក អោយតែទំនិញទាំងនោះមានគុណភាពស្របតាមតម្រូវការទីផ្សារ ពិសេសផ្លែស្វាយ។ ជាក់ស្ដែងផ្លែស្វាយដែលមានគុណភាពល្អ រោងចក្រផលិតដំណាប់ស្វាយទទួលប្រមូលទិញក្នុងតម្លៃពី ៥០០រៀល ទៅ ៥៥០រៀលក្នុងមួយគីឡូក្រាម ចំណែកផ្លែស្វាយដែលខ្ចប់ក្នុងកញ្ចប់សំរាប់នាំចេញគឺ បានថ្លៃដល់ ៩០០រៀលក្នុងមួយគីឡូក្រាម។ ដូច្នេះឲ្យតែស្វាយមានគុណភាពល្អ គឺពុំខ្វះទីផ្សារនោះឡើយ។
សូមបញ្ជាក់ថា បច្ចុប្បន្នក្នុងខេត្តកំពង់ស្ពឺ ពុំមានសល់ស្វាយក្នុងចំការច្រើនទេ ដោយឈ្មួញកណ្ដាលដឹកស្វាយតាំងពីខេត្តកំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ព្រះវិហារ ដើម្បីយកមកលក់ឱ្យឃ្លាំងធំៗនៅខេត្តកំពង់ស្ពឺ សម្រាប់នាំចេញ និងបម្រើតម្រូវការរោងចក្រកែច្នៃក្នុងស្រុក។
ទន្ទឹមនេះក្រសួងបានទទូចឲ្យប្រជាពលរដ្ឋ ក៏ដូចជាសាធារណជនទាំងអស់ក្នុងបណ្ដាញសង្គមហ្វេសប៊ុក មេត្តាពិចារណា និងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងដាក់បង្ហោះនូវរូបភាព ឫ ខ្លឹមសារណាមួយដែលជះឥទ្ធិពលអវិជ្ជមានដល់ការប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល៕SP